ដើម្បីពង្រឹងសមត្ថភាពស្នូល ព្រមទាំងបង្កើនប្រសិទ្ធភាពការងាររបស់បុគ្គលិកជួរមុខ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី (Bamboo Finance PLC.) បានរៀបចំវគ្គបណ្តុះបណ្តាលលើប្រធានបទ «ការពង្រឹងសមត្ថភាពលើការប្រមូលឥណទាន» ។ ការវិនិយោគលើធនធានមនុស្សនេះ គឺដើម្បីជម្រុញឱ្យការបម្រើសេវាកម្មកាន់តែមានភាពល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់!

រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ —គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានសហការជាមួយក្រុមហ៊ុន ១២១ សបភី ឯ.ក បានរៀបចំវគ្គបណ្តុះបណ្តាលឯកទេសស្ដីពី «ការពង្រឹងសមត្ថភាពលើការប្រមូលឥណទាន» សម្រាប់បុគ្គលិកជួរមុខដែលមានដូចជា ប្រធាន អនុប្រធានភ្នាក់ងារឥណទាន និងភ្នាក់ងារឥណទាន ក្នុងគោលបំណងពង្រឹងសមត្ថភាពប្រតិបត្តិការប្រមូលឥណទានប្រចាំថ្ងៃ លើកកម្ពស់ការគ្រប់គ្រងលទ្ធផលការងារ ព្រមទាំងបណ្ដុះវប្បធម៌ការងារវិជ្ជាជីវៈ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

សកម្មភាពសំខាន់ៗក្នុងវគ្គបណ្តុះបណ្តាល៖

គ្រឹះស្ថានមានកិត្តិយសដែលបានអញ្ជើញ លោកគ្រូ នឹម ឈុន្នី ជាគ្រូបណ្តុះបណ្តាល និងអ្នកអប់រំផ្លូវចិត្ត ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងដ៏មានតម្លៃលើប្រធានបទ «ការទំនាក់ទំនង និងអាកប្បកិរិយាប្រកបដោយវិជ្ជាជីវៈ ចំពោះអតិថិជន»។ បន្ថែមពីនេះ ថ្នាក់ដឹកនាំ និងគ្រូឧទ្ទេសជាច្រើនរូបក៏បានចូលរួមចែករំលែកប្រធានបទសំខាន់ៗផ្សេងៗទៀតផងដែរ។

ក្នុងឱកាសនោះ លោកអគ្គនាយក កែវ សុខា ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ឱ្យរក្សាភាពធន់របស់គ្រឹះស្ថាន ពង្រឹងឆន្ទៈ និងស្មារតី អភិវឌ្ឍសមត្ថភាព ចំណេះដឹង និងជំនាញ ព្រមទាំងអនុវត្តគោលការណ៍ និងនីតិវិធីរបស់គ្រឹះស្ថានឱ្យបានខ្ជាប់ខ្ជួន ដើម្បីសម្រេចបាននូវសមិទ្ធផលការងារកាន់តែល្អប្រសើរ និងរួមគ្នាអភិវឌ្ឍទៅមុខ។

ជាកិច្ចបញ្ចប់ ថ្នាក់ដឹកនាំបានប្រគល់វិញ្ញាបនបត្របញ្ជាក់ការចូលរួមជូនដល់សិក្ខាកាមទាំងអស់ ក្នុងបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយមោទកភាព។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ផ្តោតអាទិភាពខ្ពស់លើការវិនិយោគធនធានមនុស្ស ជាពិសេសការពង្រឹងសមត្ថភាពបុគ្គលិកជួរមុខ។ យើងជឿជាក់ថា ក្រុមការងារដែលមានសមត្ថភាពខ្ពស់ គឺជាកម្លាំងចលករសំខាន់ក្នុងការជម្រុញប្រសិទ្ធភាពប្រតិបត្តិការ រក្សាគុណភាពសេវាកម្ម និងនាំមកនូវផលប្រយោជន៍ចីរភាពដល់អតិថិជន និងសហគមន៍។