• លោក លឹម សុជាតិ

    ស្ថាបនិក និងអភិបាលប្រតិបត្តិ

    ការិយាល័យកណ្តាល - រាជធានីភ្នំពេញ

    លោក លឹម សុជាតិ គឺជាអភិបាលប្រតិបត្តិ និងវិនិយោគិនដែលមានស្នាដៃខ្ពស់ លោកជាប្រធាននាយកប្រតិបត្តិនៅក្រុមហ៊ុន លក្ស្មីប្រាយម៍ អ៊ិនវេសមេន ដែលបានកំណត់ និងរកនូវឱកាសអាជីវកម្មថ្មីៗជាច្រើន។ ចាប់តាំងពីបង្កើតក្រុមហ៊ុនវិនិយោគក្នុង ឆ្នាំ2012 មក លោកបានគ្រប់គ្រងលើដើមទុនជាង 74 លានដុល្លារអាមេរិក ផលប័ត្រវិនិយោគនៅក្នុងបណ្តាក្រុមហ៊ុនបណ្តាក់ទុនថ្មីៗ ក្នុងវិស័យហិរញ្ញវត្ថុ បច្ចេកវិទ្យាហិរញ្ញវត្ថុ អចលនទ្រព្យ វិនិយោគមូលធន ពាណិជ្ជកម្មអេឡិចត្រូនិក និងសេវាកម្មដឹកជញ្ជូន ដែលបានផ្តល់ការងារដល់និយោជិតជាង 7០០នាក់ និងសហការី ព្រមទាំងភា្នក់ងារសរុបរាប់ពាន់នាក់។

    ក្រោមការដឹកនាំ និងអភិបាលកិច្ចរបស់លោក ការវិនិយោគត្រូវទទួលបានការទទួលស្គាល់ដោយសម្រេចបាននូវតម្លៃទីផ្សារជាង 100 លាន ដុល្លារ អាមេរិក។ សមិទ្ធផលទទួលបានបែបនេះ ដោយសារតែទស្សនវិស័យរបស់លោក ក្នុងការកសាងក្រុមហ៊ុនដែលឆ្លើយតបទៅនឹងបរិយាកាសទីផ្សាររបស់ប្រទេសកម្ពុជា ខណៈពេលដែលផ្តល់នូវ សេវាកម្ម និងផលិតផលសមស្របតាមទីផ្សារដល់អតិថិជន។ មេត្តាធម៌របស់លោក ក្នុងការអប់រំថែរក្សាអ្នកដឹកនាំអាជីវកម្មជំនាន់ក្រោយ ដើម្បីនាំមកនូវភាពច្នៃប្រឌិតទៅកាន់ទីផ្សារ។

    បន្ថែមលើតួនាទីជាអ្នកដឹកនាំ លោក ក៏កំពុងជម្រុញលើការអភិវឌ្ឍឧស្សាហកម្មក្នុងឋានៈជា អ្នកតាក់តែងគោលការណ៍ ដូចជាអភិបាល និងប្រធានគណៈកម្មការគ្រប់គ្រងហានិភ័យ នៅក្លឹបវិនិយោគកម្ពុជា អនុប្រធានទទួលបន្ទុកអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម នៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងត្រូវបានជាប់ឆ្នោតជា អភិបាលនៃសភាពាណិជ្ជកម្មកម្ពុជា ដ៏មានកិត្យានុភាព។ លោកក៏ធ្លាប់ជាអភិបាល និងប្រធានក្លឹបភតិសន្យា ហិរញ្ញវត្ថុ នៅសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជារហូតដល់ឆ្នាំ2020។

    លោក បានទទួលសញ្ញាបត្រអនុបណ្ឌិត ផ្នែកវិទ្យាសាស្រ្តជំនាញគណនេយ្យពីសាកលវិទ្យាល័យឡុងដ៍ ក្នុងឆ្នាំ 2017 ACCA ក្នុងឆ្នាំ 2010 និង CPA ពីប្រទេសអូស្ត្រាលីនៅឆ្នាំ 2009។

  • លោក កែវ សុខា

    សហស្ថាបនិក និងអគ្គនាយក

    ការិយាល័យកណ្តាល - រាជធានីភ្នំពេញ

    លោក កែវ សុខា មានបទពិសោធន៍ 20ឆ្នាំជាងក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដូចជាថ្នាក់គ្រប់គ្រង អ្នកវិភាគហិរញ្ញវត្ថុ និងអភិបាលក្រុមហ៊ុន។ លោកកំពុងបម្រើការជាអគ្គនាយកនៅប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី និងបានដឹកនាំក្រុមហ៊ុនទៅកាន់ចំណុចកំពូលថ្មីបន្ទាប់ពីរៀបចំរចនាសម្ព័ន្ធប្រតិបត្តិការឡើងវិញ។ លោកក៏ជាអ្នកដឹកនាំដ៏សំខាន់នៅក្នុងក្រុមហ៊ុនហើយបានជួយជ្រោមជ្រែងលើការចែកគុណតម្លៃរបស់ក្រុមហ៊ុន គឺភាពស្មោះត្រង់ សុចរិតភាព ការគោរព និងភាពជាអ្នកដឹកនាំជាចំណុចស្នូលក្នុងរាល់ការសម្រេចចិត្ត ដោយផ្តោតទៅលើការជម្រុញកម្លាំងមនុស្ស វប្បធម៌ផ្តោតលើអតិថិជន និងស្មារតីនៃការច្នៃប្រឌិត។

    លើសពីនេះទៅទៀត លោកត្រូវបានតែងតាំងជាអនុប្រធាននាយកប្រតិបត្តិ ទទួលបន្ទុកហិរញ្ញវត្ថុ នៅក្រុមហ៊ុន លក្ស្មី ប្រាយម៍ អ៊ិនវេសមេន នៅខែសីហា ឆ្នាំ2016។ លោកទទួលខុសត្រូវលើការគ្រប់គ្រងហិរញ្ញវត្ថុ វិភាគ និងបង្កើតយុទ្ធសាស្រ្ត ព្រមទាំងស្វែងរកមូលនិធិ សម្រាប់គម្រោងជាច្រើនដែលក្រុមហ៊ុនវិនិយោគ។

    ចំពោះការសិក្សា លោកបានទទួលបិរញ្ញាបត្រជាន់ខ្ពស់លើជំនាញគ្រប់គ្រងហិរញ្ញវត្ថុ បរិញ្ញាបត្រធនាគារ និងហិរញ្ញវត្ថុ និងសញ្ញាបត្រឯកទេសគណនេយ្យ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ លោកក៏បានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលា ជាច្រើនដែលទាក់ទងនឹងការគ្រប់គ្រងហិរញ្ញវត្ថុ និងការគ្រប់គ្រងប្រកបដោយក្រមសីលធម៌ ។

  • លោក អឿន ស៊ីឡែន

    អគ្គនាយករងទទួលបន្ទុកប្រតិបត្តិការ

    ការិយាល័យកណ្តាល - រាជធានីភ្នំពេញ

    លោក អឿន ស៊ីឡែន ចូលបម្រើការងារជាមួយ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ក្នុងតួនាទីជានាយកការិយាល័យសវនកម្មផ្ទៃក្នុងនៅក្នុងខែកញ្ញា ឆ្នាំ2016។ លោក អឿន ស៊ីឡែន ត្រូវបានតម្លើងឋានៈជាប្រធានសវនកម្មផ្ទៃក្នុងនៅខែមករា ឆ្នាំ2018 ដើម្បីធានាថាសវនកម្មផ្ទៃក្នុងមានការអនុវត្តស្អិតរមួតជាមួយកិច្ច ប្រតិបត្តិការ និងប្រតិបត្តិការហិរញ្ញវត្ថុទូទៅសម្រាប់គ្រឹះស្ថាន ក្នុងការអនុវត្តមុខងារនានានៅទូទាំងអាជីវកម្មរបស់ ប៊ែមប៊ូ និងធានាថាតួនាទី ការទទួលខុសត្រូវ និងលទ្ធផលត្រូវបានត្រួតពិនិត្យសម្របសម្រួលលើការគ្រប់គ្រងហានិភ័យ ការត្រួតពិនិត្យផ្ទៃក្នុង និងអភិបាលកិច្ចរបស់ក្រុមហ៊ុន ប្រកបដោយប្រសិទ្ធភាពខ្ពស់។ នៅខែកក្កដា ឆ្នាំ2020 លោក ស៊ីឡែន ត្រូវបានផ្លាស់ប្តូរតួនាទី និងតម្លើងឋានៈជា អគ្គនាយករងទទួលបន្ទុកប្រតិបត្តិការ ដើម្បីដឹកនាំ និងគ្រប់គ្រងប្រតិបត្តិការឥណទានរបស់គ្រឹះស្ថាន ស្របទៅតាមការវិវឌ្ឍន៍ និងយុទ្ធសាស្ត្រអាជីវកម្មរបស់គ្រឹះស្ថាន។ មុនពេលចូលរួមជាមួយ ប៊ែមប៊ូ លោក ស៊ីឡែន មានបទពិសោធន៍ជាមួយធនាគាររយៈពេលជាង13ឆ្នាំ ដោយបានឆ្លងកាត់ការងារក្នុងតួនាទីជាច្រើនពាក់ព័ន្ធនឹងគណនេយ្យ គ្រប់គ្រងហានិភ័យនិងសវនកម្មផ្ទៃក្នុង។

    លោក អឿន ស៊ីឡែន ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យភូមិន្ទ  នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅឆ្នាំ2012 និងបរិញ្ញាបត្រគ្រប់គ្រងសហគ្រាសនៅឆ្នាំ 2003 និងសញ្ញា  បត្រជំនាញផ្នែកគណនេយ្យ នៅឆ្នាំ2000។ លោកធ្លាប់បានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើន ដែលពាក់ព័ន្ធនឹងគណនេយ្យ គ្រប់គ្រង រដ្ឋបាល ច្បាប់ ទីផ្សារ ពន្ធដារ និងបច្ចេកវិទ្យាព័ត៌មាន។

  • លោក តឹក ប្រាថ្នា

    នាយកប្រតិបត្តិហិរញ្ញវត្ថុ

    ការិយាល័យកណ្តាល - រាជធានីភ្នំពេញ

    លោក តឹក ប្រាថ្នា ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ជំនាញហិរញ្ញវត្ថុ និងធនាគារពីសាកលវិទ្យាល័យបៀលប្រាយក្នុងឆ្នាំ 2008 និងបរិញ្ញាបត្រវិទ្យាសាស្រ្តសេដ្ឋកិច្ច ជំនាញហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងឆ្នាំ2003។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនដូចជា Risk Management and Basel II & III Accord រៀបចំដោយ National Institute of Bank Management (NIBM) នៅរដ្ឋ Pune ប្រទេស ឥណ្ឌា ក្នុងឆ្នាំ2015 និងការចូលរួមសិក្ខាសាលា ក៏ដូចជាវគ្គបណ្តុះបណ្តាលជាច្រើនទាក់ទងទៅនឹង ការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ ស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃ  កម្ពុជា(CIFRS)និងស្តង់ដាគណនេយ្យអន្តរជាតិនៃកម្ពុជា (CIAS)។

    លោកបានបម្រើការងារនៅ ធនាគារ អេស៊ីលីដា ភីអិលស៊ី អស់រយៈពេលជាង 15ឆ្នាំ ពីឆ្នាំ 2004-2019 ក្នុងមុខតំណែងដូចជា ភ្នាក់ងារឥណទានពីឆ្នាំ 2004-2006 ជាគណនេយ្យករពីឆ្នាំ 2006-2009 ជាអនុប្រធានផ្នែកគណនេយ្យគ្រប់គ្រងពីឆ្នាំ 2009-2012 ជាប្រធានផ្នែកគណនេយ្យគ្រប់គ្រងពីឆ្នាំ 2012-2013 និងជាជំនួយការនាយិកាប្រតិបត្តិហិរញ្ញវត្ថុ (ទទួលបន្ទុកការងារក្នុងផ្នែកគណនេយ្យគ្រប់គ្រង) ពីឆ្នាំ 2013-2018។ ក្នុងឆ្នាំ2018 លោកត្រូវបានដំឡើងតំណែងជានាយកការិយាល័យគណនេយ្យគ្រប់គ្រង។ លោកធ្លាប់បម្រើការងារនៅក្រុមហ៊ុន លី ហួរ ផេប៉្រូ ក្នុងមុខតំណែងជានាយកប្រតិបត្តិហិរញ្ញវត្ថុ ពីឆ្នាំ 2019-2020។ លោកបានចាប់ផ្តើមបម្រើការងារជាមួយ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី នៅក្នុងខែមករា ឆ្នាំ2021 ជានាយកប្រតិបត្តិហិរញ្ញវត្ថុ រហូតដល់បច្ចុប្បន្ន។

  • លោកស្រី ព្រំ ឈាមន្ថា

    នាយិកាប្រតិបត្តិធនធានមនុស្ស និងរដ្ឋបាល

    ការិយាល័យកណ្តាល - រាជធានីភ្នំពេញ

    លោកស្រី ព្រំ ឈាមន្ថា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពីសាកលវិទ្យាល័យភ្នំពេញអន្តរជាតិក្នុងឆ្នាំ 2008 ហើយបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនដូចជា ការផ្តល់ប្រាក់កម្ចីនិងសន្សំប្រាក់ក្នុងសហគមន៍ នៅធនាគារ Gramming Bank ប្រទេសបង់ក្លាដែសក្នុងឆ្នាំ 1996 និងផ្នែកផ្សេងទៀតទាក់ទងនឹងការគ្រប់គ្រងឥណទាន និងធនធានមនុស្ស។

    លោកស្រីមានបទពិសោធន៍ជាង 23ឆ្នាំ ទាក់ទងនឹងឥណទាន និងការគ្រប់គ្រងធនធានមនុស្សក្នុងពេលបម្រើការនៅធនាគារអេស៊ីលីដា ក្នុងមុខតំណែងជាច្រើនដូចជា មន្ត្រីឥណទានរយៈពេលបីខែ បេឡាធិការ     រយៈពេលពីរឆ្នាំ ប្រធានការិយាល័យស្រុករយៈពេលប្រាំឆ្នាំ និងជានាយិកាសាខារយៈពេលជាង 16ឆ្នាំ។

    បន្ទាប់ពីចូលនិវត្តន៍ពីធនាគារអេស៊ីលីដា លោកស្រីបានបន្តដំណើរជាមួយ ប៊ែមប៊ូ ហ្វាយនែន ក្នុងខែកុម្ភៈ    ឆ្នាំ2020 ក្នុងមុខងារជានាយិកាការិយាល័យធនធានមនុស្ស និងរដ្ឋបាល ទំនួលខុសត្រូវលើផែនការយុទ្ធសាស្រ្តក្នុងការគ្រប់គ្រងធនធានមនុស្ស ជាពិសេសក្នុងការជ្រើសរើស ការហ្វឹកហ្វឺន ការបណ្តុះបណ្តាល ដើម្បី ប្រសិទ្ធភាពការងារប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ។

  • លោក ប៊ុន សោភា

    នាយកប្រតិបត្តិគ្រប់គ្រងភូមិភាគ

    ការិយាល័យកណ្តាល - រាជធានីភ្នំពេញ

    លោក ប៊ុន សោភា បានចាប់ផ្តើមការងារជាមួយ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ក្នុងខែតុលា ឆ្នាំ2020 ក្នុងតួនាទីជានាយកសាខា ហើយត្រូវបានតែងតាំងជា នាយកភូមិភាគ នៅខែមីនា ឆ្នាំ2022 និងត្រូវបានដំឡើង  ឋានៈជានាយកប្រតិបត្តិគ្រប់គ្រងភូមិភាគចាប់ពីខែសីហា ឆ្នាំ2023។ គាត់បានទទួលបរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យធនធានមនុស្ស ក្នុងឆ្នាំ2012។

    សោភា មានបទពិសោធន៍ជាង១១ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុដោយចាប់ផ្តើមជា មន្ត្រីឥណទាន អ្នកគ្រប់គ្រង តំបន់ អនុប្រធានសាខា ប្រធានសាខា នាយកសាខាខេត្ត។

  • លោក សាង ហុងម៉ូវ

    ទីប្រឹក្សាឥណទាន

    ការិយាល័យកណ្តាល - រាជធានីភ្នំពេញ

    លោក សាង ហុងម៉ូវ ត្រូវបានតែងតាំងជាទីប្រឹក្សាឥណទានក្នុងខែមិថុនា ឆ្នាំ2018។ លោកបានទទួលបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រ និងវិស្វករកុំព្យូទ័រ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ2003 និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យ បៀលប្រាយ ក្នុងឆ្នាំ2009។

    ហុងម៉ូវ មានបទពិសោធន៍ជាង 16 ឆ្នាំនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដោយចាប់ផ្តើមនៅក្នុងមុខតំណែងជាច្រើនដូចជា មន្ត្រីឥណទាន ប្រធានភ្នាក់ងារឥណទាន និងបុគ្គលិកវិភាគហិរញ្ញប្បទានពាណិជ្ជកម្ម និងនាយកផ្នែកអភិវឌ្ឍន៍ផលិតផល។

  • លោក ត្រាវ សុខខេង

    នាយកប្រតិបត្តិគ្រប់គ្រងបំណុល

    ការិយាល័យកណ្តាល - រាជធានីភ្នំពេញ

    លោក ត្រាវ សុខខេង ទទួលបរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យបៀលប្រាយក្នុងឆ្នាំ2007 និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រង ពីសាកលវិទ្យាល័យ South East Asia ក្នុងឆ្នាំ2014។

    លោកមានបទពិសោធន៍ជាង 16 ឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុ បម្រើការងារក្នុងមុខតំណែងជាច្រើនដូចជា  មន្រ្តីឥណទាន មន្រ្តីឥណទានខ្នាតធំនិងមធ្យម នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ (2008 ដល់ 2012)     មន្រ្តីឥណទានជាន់ខ្ពស់ ប្រធានភ្នាក់ងារឥណទាន នៅធនាគារ កម្ពុជា អាស៊ី (2012 ដល់ 2016) នាយកសាខា នាយកសាខាជាន់ខ្ពស់ អ្នកគ្រប់គ្រងភតិសន្យាហិរញ្ញវត្ថុ នៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បាយ័នឥណទាន (2016 ដល់ 2019)។

    លោកបានបន្តដំណើរជាមួយ ប៊ែមប៊ូ ហ្វាយនែន នៅខែឧសភា ឆ្នាំ2019 ក្នុងតួនាទីជា នាយកគ្រប់គ្រងប្រតិបត្តិការ ត្រូវបានតំឡើងឋានៈទៅជា នាយកការិយាល័យដោះស្រាយបំណុល នៅខែសីហា ឆ្នាំ2020 ហើយត្រូវបានតែងតាំងជា នាយកប្រតិបត្តិគ្រប់គ្រងបំណុល នៅខែសីហា ឆ្នាំ2023 ។