ទំនួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន

04 September 2024

ការអនុវត្តការងារទំនួលខុសត្រូវសង្គមរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ពាក់ព័ន្ធនឹងការធ្វើសកម្មភាព និងគម្រោងដែលផ្តល់នូវផលប្រយោជន៍ និងជះឥទ្ធិពលជាវិជ្ជមានដល់សហគមន៍ បរិស្ថាន និងសង្គមទាំងមូល។ ចំនុចសំខាន់នៃការងារទំនួលខុសត្រូវសង្គមរបស់យើង គឺផ្តោតលើការអភិវឌ្ឍន៍សហគមន៍ដែលពាក់ព័ន្ធនឹងការគាំទ្រដល់អង្គការក្នុងស្រុក និងគាំទ្រនូវគំនិតផ្តួចផ្តើមដែលកំពុងធ្វើលើកកម្ពស់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងសហគមន៍ដូចជា៖ ការជួយគាំទ្រដល់អាជីវកម្មខ្នាតតូច និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ និរន្តរភាព គឺជាផ្នែកសំខាន់មួយទៀតនៃការងារទំនួលខុសត្រូវសង្គមរបស់យើងដូចជា ការជំរុញលើការធ្វើប្រតិបត្តិការអាជីវកម្មប្រកបដោយនិរន្តរភាពដែលផ្តោតលើការកាត់បន្ថយការប្រើប្រាស់ថាមពល និងកាកសំណល់ និងការគាំទ្រដល់ការអភិរក្សផ្សេងៗក្នុងតំបន់មួយចំនួន។ យើងជឿជាក់ថាតាមរយៈការចូលរួមរបស់យើង គឺជាការរួមចំណែកមួយក្នុងនាមជាធនាគារពាណិជ្ជក្នុងការលើកកម្ពស់សុខុមាលភាពរបស់សហគមន៍ និងបង្កើតនូវពលជាវិជ្ជមានជុំវិញខ្លួនយើងផងដែរ។​​​​​​​


កម្មវិធីបរិច្ឆាគឈាមក្រោមប្រធានបទ៖ ផ្តល់ឈាមស្ម័គ្រចិត្ត សង្គ្រោះជីវិត

07 December 2024

ភ្នំពេញ ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានរៀបចំកម្មវិធីបរិច្ឆាគឈាមក្រោមប្រធានបទ (ផ្តល់ឈាមស្ម័គ្រចិត្ត សង្គ្រោះជីវិត) កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឃមណ្ឌលជាតិផ្តល់ឈាម ។ ពិធីនេះធ្វើឡើងក្រោមវត្តមានថ្នាក់ដឹកនាំ និងថ្នាក់គ្រប់គ្រងនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ព្រមទាំងបុគ្គលិក ព្រមទាំងមានការចូលរួមពីក្រុមហ៊ុនដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនលក្ស្មី ប្រាយម៍ អ៊ិនវេសមេនផងដែរ ។ ឱកាសដ៍វិសេសវិសាលនេះ គឺជាគំនិតផ្តួចផ្តើមរបស់ថ្នាក់ដឹកនាំកំពូលនៃគ្រឹះស្ថាន ក្នុងការដឹកនាំបុគ្គលិក គ្រប់ជាន់ថ្នាក់ចំនួន១៦នាក់ ដើម្បីបរិច្ឆាគឈាមជូនដល់មជ្ឃមណ្ឌលជាតិផ្តល់ឈាម ។ ជាការពិតណាស់ដោយមើលឃើញពីបញ្ហា និងតម្រូវការក្នុងការសង្គ្រោះអាយុជីវិត ដល់ប្រជាពលរដ្ឋមួយចំនួន ជាពិសេសកុមារ ដែលតែងតែមានតម្រូវការជារៀងរាល់ថ្ងៃក្នុងការបញ្ចូលឈាមដើម្បីសង្គ្រោះជីវិតរបស់ពួកគេ ហេតុដូច្នេះគ្រឹះស្ថានតែងតែយកចិត្តទុកដាក់ក្នុងការរួមចំណែកជួយជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ។ សូមបញ្ជាក់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី មិនគ្រាន់តែជាស្ថាប័នដែលរកប្រាក់ចំណូល តែបានផ្តល់ការងារជិត៣០០កន្លែងសម្រាប់និយោជិត និងផ្តល់ឱកាសដលសិស្សនិស្សិតដើម្បីទទួបានការហាត់ការការងារ ដែលជាផ្នែកសំខាន់ក្នុងការរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិ។ គ្រឹះស្ថានតែងតែ គិតគូដល់បញ្ហាសង្គម និងតែងតែចូលរួមចំណែកជួយដល់ការខ្វះខាត ឬតម្រូវការនានារបស់សង្គមជាតិ ។ ជាក់ស្តែងជារៀងរាល់ឆ្នាំគ្រឹះស្ថានតែងតែងធ្វើការបរិច្ចាគឈាមជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជួយសង្គ្រោះដល់អាយុជីវិតកុមារ និងអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ ដូចដែលបានរៀបរាប់ខាងលើ៕

កម្មវិធីដាំដើមឈើនៅក្នុងបរិវេណសាលាចំនួន ២០០ដើម

25 September 2024

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានរៀបចំកម្មវិធីដាំដើមឈើនៅក្នុងបរិវេណសាលាចំនួន ២០០ដើម ដែលស្ថិតនៅសាលាបឋមសិក្សាក្រឡាញ់ ដែលមានទីតាំងស្ថិតនៅភូមិក្រឡាញ់ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមសហការឧបត្ថម្ភពី ក្រុមហ៊ុន លក្ស្មី ប្រាយម៍ អុិនវេសមេន និងក្រុមហ៊ុន ១២១ សបភី ឯ.ក។ សកម្មភាពនៅថ្ងៃនេះ យើងខ្ញុំសង្ឃឹម និងជឿជាក់ថា គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយដល់សហគមន៍នៅទីនោះ ក៍ដូចជាសង្គមជាតិទាំងមូលរបស់យើងឱ្យទទួលបាននូវការអភិវឌ្ឍន៍ ប្រកបដោយចីរភាព។

កម្មវិធីសប្បុរសធម៌ជួយដល់សិស្សានុសិស្សដែលស្ថិតនៅសាលាបឋមសិក្សាក្រឡាញ់

25 September 2024

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានរៀបចំកម្មវិធីសប្បុរសធម៌ជួយដល់សិស្សានុសិស្ស ដែលស្ថិតនៅសាលាបឋមសិក្សាក្រឡាញ់ ដែលមានទីតាំងស្ថិតនៅភូមិក្រឡាញ់ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមសហការឧបត្ថម្ភពី ក្រុមហ៊ុន លក្ស្មី ប្រាយម៍ អុិនវេសមេន និងក្រុមហ៊ុន ១២១ សបភី ឯ.ក។ កម្មវិធីសប្បុរសធម៌នេះ ធ្វើក្នុងគោលបំណងផ្តល់សម្ភារសិក្សា ដើម្បីគាំទ្រដល់ការសិក្សារបស់ពួកគេឱ្យមានភាពងាយស្រួល និងសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេ ដោយបានចូលរួមដាំដើមឈើនៅក្នុងបរិវេណសាលាចំនួន ២០០ដើម ឧបត្ថម្ភជាតុរៀនចំនួន ៨តុ សម្រាប់មត្តេយ្យសិក្សា ផ្តល់ក្តារខៀនកញ្ចក់ចំនួន៦ សម្រាប់បន្ទប់រៀន សម្ភារសិក្សាមានកាបូបស្ពាយ សៀវភៅ ប៊ិច ខ្មៅដៃ ដល់សិស្សានុសិស្សចំនួន២០៦នាក់ ថវិកាមួយចំនួនជូនដល់លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរមូលដ្ឋានផងដែរ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី តែងតែគិតគូរដល់បញ្ហាសង្គម និងតែងតែចូលរួមចំណែកជួយដល់ការខ្វះខាត ឬតម្រូវការនានារបស់សង្គមជាតិ។ សកម្មភាពមនុស្សធម៌នៅថ្ងៃនេះ យើងខ្ញុំសង្ឃឹម និងជឿជាក់ថា គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយដល់សហគមន៍នៅទីនោះ ក៍ដូចជាសង្គមជាតិទាំងមូលរបស់យើងឱ្យទទួលបាននូវការអភិវឌ្ឍន៍ ប្រកបដោយចីរភាព។

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ សប្បុរសធម៌

26 August 2024

(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី (Bamboo Finance Plc.) និងក្រុមហ៊ុន ១២១ សបភី ឯ.ក (121 Shoppe Co., Ltd) បានសហការជាមួយក្រុមផ្ការីកគ្រប់រដូវ និងក្រុមតន្រ្តីនឹងធ្វើឱ្យអ្នករាំ បានរៀបចំការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ ក្នុងគោលបំណងឧបត្ថម្ភថវិកាជូនទៅដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។ សូមគូសបញ្ជាក់ផងដែរថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី (Bamboo Finance Plc.) និងក្រុមហ៊ុន ១២១ សបភី ឯ.ក (121 Shoppe Co., Ltd) តែងតែយកចិត្តទុកដាក់ ក្នុងការរួមចំណែកជាមួយសង្គមកម្ពុជា តាមរយៈសកម្មភាពមនុស្សធម៌ជាច្រើនកន្លងមក ហើយការរៀបចំកម្មវិធីប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ ដែលមានចំនួនពីរគូ ដោយគូទី១ជាការប្រកួតបាល់ទាត់នារីរវាងក្រុមស្ទាំងភ្លើងក្មេងវត្តក្តីចាស់ និងក្រុមចលនាយុវជនកីឡា និងគូទីពីររវាងក្រុមផ្ការីកគ្រប់រដូវ និងក្រុមតន្រ្តីនឹងធ្វើឱ្យអ្នករាំ ហើយការរៀបចំនេះដែរមិនគ្រាន់តែជាការជួយជំរុញ និងលើកស្ទួយវិស្ស័យកីឡាបាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែគឺបានចូលរួមចំណែកក្នុងសង្គម និងចែករំលែកក្តីស្រឡាញ់ទៅកាន់កុមារកម្ពុជា តាមរយៈការផ្តល់ជូននូវថវិកាឧបត្ថម្ភពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ជូនមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ចំនួន ២០,០០០,០០០រៀល សម្រាប់ទ្រទ្រង់ដំណើរការប្រតិបត្តិការផ្តល់សេវាថែទាំ និងព្យាបាលជំងឺដល់កុមារ។ បន្ថែមពីនេះ លោកអគ្គនាយករងនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី (Bamboo Finance Plc.) ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ សម្រាប់ទឹកចិត្តដ៏ថ្លៃថ្លារបស់ ក្រុមផ្ការីកគ្រប់រដូវ និងក្រុមតន្រ្តីនឹងធ្វើឱ្យអ្នករាំ និងក្រុមកីឡាករ-កីឡាការនីទាំងអស់ រួមទាំងបណ្តាភាគីដ៏ទៃទៀត ដែលបានសហការរៀបចំ ឱ្យមានព្រឹត្តិការណ៍នេះឡើង ហើយលោកក៏សូមជូនពរដល់បងប្អូនទាំងអស់គ្នា ឲ្យជួបប្រទះតែពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

កម្មវិធីចែកសម្ភារសិក្សានៅសាលាបឋមសិក្សាធ្លកកំបុត

22 November 2023

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ក៏បានរៀបចំនៅកម្មវិធីសប្បុរសធម៌ ជាសម្ភារសិក្សា ជូនដល់កូនៗសិស្សានុសិស្ស សាលាបឋមសិក្សាធ្លកកំបុត ដែលស្ថិតក្នុងភូមិធ្លកកំបុត ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ចំនួន ៦០នាក់ ដោយម្នាក់ៗទទួលបាន កាបូបសិក្សាមួយ សៀវភៅ ៣ក្បាល ប៊ិច ៣ដើម ខ្មៅដៃ ៣ដើម រួមជាមួយថវិកាបន្តិចបន្តួចផងដែរ ក្នុងគោលបំណងដើម្បីគាំទ្រ និងលើកស្ទួយវិស័យអប់រំរបស់យើង។ ក្នុងនោះផងដែរ គ្រឹះស្ថានក៏បានឧបត្ថមថវិកាមួយចំនួនទៀតសម្រាប់ជួសជុលអគារសិក្សា និងថវិកាមួយចំនួនជូនដល់លោកគ្រូ អ្នកគ្រូ អនុភូមិ និងលោកមេភូមិផងដែរ។

កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត

27 February 2023

ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ឈាមមួយប្លោករបស់អ្នកអាចជួយសង្គ្រោះជីវិតមនុស្សបីនាក់! ឈាមមួយប្លោករបស់អ្នកអាចជួយមន្ទីរពេទ្យគន្ធបុប្ធា! អ្នកមិនចាំបាច់ទាល់តែក្លាយខ្លួនជាគ្រូពេទ្យទើបអាចជួយសង្រ្គោះជីវិតមនុស្សទេ។ អ្នកអាចជួយពួកគេបានតាមរយៈការបរិច្ចាគឈាមត្រឹមតែមួយប្លោករបស់អ្នក។ ថ្នាក់ដឹកនាំ និងទាំងបុគ្គលិកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានចូលរួមបរិចា្ចគឈាមដោយស្ម័គ្រចិត្ត ដែលត្រូវបានរៀបចំឡើងដោយដោយសហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ក្នុងយុទ្ធនាការ #សង្គ្រោះជីវិតខ្ញុំ នៅថ្ងៃទី ១២ ខែឧសភា ២០២២ ក្រោមប្រធានបទ "អ្នកបរិច្ចាគឈាមមួយប្លោកយើងខ្ញុំបរិច្ចាគ ៤០,០០០ រៀលបន្ថែមជូនដល់មន្ទីរពេទ្យគន្ធបុប្ធា"។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី តែងតែបន្តគាំទ្រ និងចូលរួមយ៉ាងសកម្មលើគ្រប់សកម្មភាពសង្គម ទាំងអស់ ហើយការបរិច្ចាគឈាមនេះផងដែរ គឺធ្វើឡើងដើម្បីរួមចំណែកដល់ការផ្គត់ផ្គង់ឈាមទៅកាន់មន្ទីរពេទ្យដែលកំពុងមានតម្រូវការឈាមជារៀងរាល់ថ្ងៃ ក៏ដូចជាដើម្បីជួយសង្គ្រោះជីវិតដល់ជនរងគ្រោះ និងប្រជាពលរដ្ឋដែលមានតម្រូវការឈាមជាចាំបាច់។