គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី (Bamboo Finance PLC.) បានរៀបចំវគ្គបំពាក់បំប៉នស្តីពី «តួនាទី និងការទទួលខុសត្រូវក្នុងភាពជាអ្នកដឹកនាំ» ដើម្បីពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងារដល់អ្នកគ្រប់គ្រងជួរមុខ ។
រាជធានីភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ — ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារប្រចាំថ្ងៃ និងធានាការអនុវត្តយុទ្ធសាស្ត្ររបស់គ្រឹះស្ថានបានល្អប្រសើរ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី  បានសហការជាមួយ ក្រុមហ៊ុន ១២១ សបភី ឯ.ក រៀបចំវគ្គបំពាក់បំប៉នកម្រិតខ្ពស់ក្រោមប្រធានបទ «តួនាទី និងការទទួលខុសត្រូវក្នុងភាពជាអ្នកដឹកនាំ»។
វគ្គនេះត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អ្នកគ្រប់គ្រងជួរមុខដែលជាប្រធានផ្នែក និងប្រធានក្រុម ហើយក៏ជាអ្នកគ្រប់គ្រងនៅជិតបំផុតជាមួយបុគ្គលិកប្រតិបត្តិការ និងបុគ្គលិកនៅនាយកដ្ឋានផ្សេងៗទៀត ដើម្បីពង្រឹងសមត្ថភាពក្នុងការដឹកនាំក្រុមប្រចាំថ្ងៃ គ្រប់គ្រងលទ្ធផលការងារ និងជំរុញវប្បធម៌ការងារវិជ្ជាជីវៈ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ 
សកម្មភាពសំខាន់ៗក្នុងវគ្គបំពាក់បំប៉ន
ជាកិច្ចចាប់ផ្តើម លោក អឿន ស៊ីឡែន អគ្គនាយករង បានអញ្ជើញបើកវគ្គជាផ្លូវការដោយផ្តល់ការលើកទឹកចិត្ត និងសារសំខាន់នៃតួនាទីអ្នកគ្រប់គ្រងជួរមុខក្នុងការជំរុញកំណើនរបស់គ្រឹះស្ថាន។ គ្រឹះស្ថានមានកិត្តិយសដែល ឯកឧត្តមបណ្ឌិត សាស្ត្រាចារ្យ ហោ ប៊ុនឡេង បានអញ្ជើញជាវាគ្មិន ដោយចែករំលែកចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងដ៏មានតម្លៃលើប្រធានបទនេះ។ ជាកិច្ចបញ្ចប់វគ្គ លោកអគ្គនាយក កែវ សុខា បានផ្តាំផ្ញើដល់អ្នកគ្រប់គ្រងជួរមុខ ត្រូវ​រក្សា​ភាពធន់​របស់​គ្រឹះស្ថាន ​ពង្រឹងឆន្ទៈ ស្មារតី អភិវឌ្ឍ​សមត្ថភាព ចំណេះជំនាញទាំង​ចំណេះដឹង និង​ចំណេះធ្វើ​ ព្រមទាំង​​អនុវត្ត​យ៉ាងខ្ជាប់ខ្ជួននូវ​គោលការណ៍​ នីតិវិធី​របស់​គ្រឹះស្ថាន ដើម្បីធ្វើឲ្យមានសមិទ្ធិផលការងារកាន់តែប្រសើរ និងរីកចម្រើនទៅមុខរួមគ្នា ។
ខ្លឹមសារគន្លឹះដែលអ្នកគ្រប់គ្រងជួរមុខបានទទួល
តាមរយៈវគ្គនេះ សិក្ខាកាមបានបង្កើនជំនាញសំខាន់ៗសម្រាប់ការងារប្រចាំថ្ងៃរបស់អ្នកគ្រប់គ្រងជួរមុខ រួមមាន៖
•​ យុទ្ធសាស្ត្ររៀបចំផែនការ និងការគ្រប់គ្រងការងារប្រចាំថ្ងៃ៖ កំណត់ផែនការច្បាស់លាស់ កំណត់គោលដៅក្រុម និងតម្រូវការធនធានដើម្បីសម្រេចបាននូវគោលដៅរួមរបស់គ្រឹះស្ថាន។
• សិល្បៈនៃការដឹកនាំក្រុម៖ ជំរុញទឹកចិត្តបុគ្គលិក ពង្រឹងទំនាក់ទំនង កសាងស្មារតីសហការក្នុងក្រុម និងដោះស្រាយបញ្ហាប្រឈមប្រចាំថ្ងៃប្រកបដោយប្រសិទ្ធភាព។
• ការអភិវឌ្ឍធនធានមនុស្ស៖ បណ្តុះបណ្តាលបន្ត ផ្តល់ការណែនាំ និងឱកាសអភិវឌ្ឍជំនាញដល់បុគ្គលិកក្រោមឱវាទ ដើម្បីបង្កើនសមត្ថភាព និងការរក្សាបុគ្គលិក។
• ការគ្រប់គ្រងលទ្ធផល និងការតាមដាន៖ បច្ចេកទេសត្រួតពិនិត្យការងារ វាយតម្លៃប្រសិទ្ធភាព ផ្តល់មតិកែលម្អស្ថាបនា និងធានាការគ្រប់គ្រងហានិភ័យក្នុងប្រតិបត្តិការមីក្រូហិរញ្ញវត្ថុ។
• ការដោះស្រាយបញ្ហា និងការគ្រប់គ្រងហានិភ័យ៖ វិធីសាស្ត្រដោះស្រាយឧបសគ្គ និងបញ្ហាប្រឈមជាក់ស្តែងនៅក្នុងសាខា ឬក្រុម ដើម្បីរក្សាស្ថិរភាព និងគុណភាពសេវាកម្ម។
ជាកិច្ចបញ្ចប់ ថ្នាក់ដឹកនាំបានប្រគល់វិញ្ញាបនបត្របញ្ជាក់ការបំពាក់បំប៉នជូនសិក្ខាកាមទាំងអស់ ក្នុងបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយមោទនភាព។
ការវិនិយោគលើធនធានមនុស្ស ជាពិសេសការពង្រឹងសមត្ថភាពអ្នកគ្រប់គ្រងជួរមុខ គឺជាអាទិភាពចម្បងរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ។ យើងជឿជាក់ថា អ្នកគ្រប់គ្រងជួរមុខដែលមានសមត្ថភាពខ្លាំង នឹងជាគន្លឹះសំខាន់ក្នុងការជំរុញប្រសិទ្ធភាពប្រតិបត្តិការ រក្សាគុណភាពសេវាកម្ម និងផ្តល់ផលប្រយោជន៍ចីរភាពដល់អតិថិជន និងសហគមន៍។