ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០២៦ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោកអគ្គនាយក កែវ សុខា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី មានសេចក្តីសោមនុស្សរីករាយយ៉ាងក្រៃលែង ដោយបានចូលរួមឧបត្ថម្ភនិងប្រគេននូវទយ្យទាន ចង្ហាន់ ដល់វត្តព្រៃឆ្លាក់ ដែលត្រូវបានជ្រើសរើសជាមណ្ឌលប្រឡងដោយសាលាអនុគណក្រុងស្វាយរៀង សម្រាប់ការប្រឡងវិញ្ញាបនបត្រធម្មវិន័យ ឆ្នាំសិក្សា ២០២៥ - ២០២៦ ដែលមានទីតាំងស្ថិតនៅភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

គណៈគ្រប់គ្រង និងក្រុមការងារនៃគ្រឹះស្ថានបាននាំយកជាថវិកាចំនួន ៦ ០០០ ០០០ រៀល និងទឹកសុទ្ធចំនួន ៣០កេស ប្រគេនជូនព្រះចៅអធិការវត្តព្រៃឆ្លាក់ ក្នុងគោលបំណងជួយសម្រាលបន្ទុកហិរញ្ញវត្ថុដល់ការរៀបចំចង្ហាន់ប្រគេនបេក្ខសមណសិស្ស គណៈមេប្រយោគ ព្រះឧទ្ទេសាចារ្យ គ្រូបង្រៀន និងព្រះអនុរក្ស ប្រមាណជា ៤០០អង្គ/នាក់ ដែលនិមន្តមកពីបណ្តា ក្រុង/ស្រុក ឆ្ងាយៗ ក្នុងពេលប្រឡង និងរក្សាបាននូវគុណភាពអប់រំតាមបែបព្រះពុទ្ធសាសនាដែលមានតាំងពីបុរាណកាលមក។

គំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់គ្រឹះស្ថានក្នុងការគាំទ្រព្រះពុទ្ធសាសនា សាសនារបស់រដ្ឋនិងការថែរក្សាប្រពៃណីវប្បធម៌ ។