ប៊ែមប៊ូ ហ្វាយនែន នៅតែបន្តរីកចម្រើនជារៀងរាល់ឆ្នាំ។ ជោគជ័យក្នុងឆ្នាំ 2022 នេះបានមកពីការកំណត់ផែនការប្រតិបត្តិការបានយ៉ាងត្រឹមត្រូវ និងការខំប្រឹងប្រែងរបស់និយោជិតគ្រប់ជាន់ថ្នាក់ ដោយការមានទំនុកចិត្តខ្ពស់ពីអតិថិជន ដៃគូពាណិជ្ជកម្ម និងការជួយជ្រោមជ្រែងយ៉ាងពេញទំហឹងពីក្រុមប្រឹក្សាភិបាល។

សមិទ្ធផលសំខាន់ៗក្នុងឆ្នាំ២០២២
គិតត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2022 យើងសម្រេចបានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ 48 ភាគរយ នៃប្រាក់ចំណេញសុទ្ធក្រោយដកពន្ធ ដល់ទៅ 331,529 ដុល្លារអាមេរិក (2021: 223,422 ដុល្លារអាមេរិក) បើទោះ  បីជាបរិយាកាសប្រតិបត្តិការមានការប្រកួតប្រជែងក៏ដោយ។ នេះបានបង្កើតនូវអត្រាចំណូលពីមូលធនប្រហែលចំនួន 12ភាគរយ និងអត្រាចំណូលពីទ្រព្យសកម្មប្រហែលចំនួន 2 ភាគរយ។

ជាមួយការគ្រប់គ្រងផ្ទៃក្នុងដែលមានគុណភាពខ្ពស់ ប៊ែមប៊ូ អាចរក្សាបានកំណើនផលប័ត្រឥណទាន ដោយឥណទានសរុបបានកើនឡើងចំនួន 77 ភាគរយ ទៅដល់ 20.5 លានដុល្លារអាមេរិក ខណៈពេលដែលហានិភ័យឥណទានធំជាង 30ថ្ងៃ មានត្រឹមតែ 1.90 ភាគរយ តែប៉ុណ្ណោះ។ ចំនួនអតិថិជនបានកើនឡើង 60 ភាគរយ ដែលមានចំនួនសរុបប្រមាណ 11.27 ពាន់នាក់។

ប៊ែមប៊ូ ផ្តោតលើការផ្តល់កម្ចីបង់រំលស់ម៉ូតូថ្មី និងម៉ូតូមួយទឹកដែរបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ឱកាសលើការទទួលបានមធ្យោបាយធ្វើដំណើរចល័តដល់ប្រជាជនកម្ពុជា។ ចាប់តាំងពីឆ្នាំ 2018 មកប្រាក់កម្ចីទិញម៉ូតូជាង 43 លានដុល្លារអាមេរិក ត្រូវបានផ្តល់ទៅឱ្យអតិថិជនប្រមាណ 20,000នាក់ ដល់វិស័យសំខាន់ៗដូចជា  កម្មន្តសាល សេវាកម្ម សំណង់ ពាណិជ្ជកម្ម និងជំនួញ ដឹកជញ្ជូន និងកសិកម្ម ដែរអាចអោយអតិថិជនក្នុងវិស័យទាំងនេះបង្កើនផលិតភាព និងពង្រីកអាជីវកម្មរបស់ពួកគេ។
ប្រាក់កម្ចីទិញម៉ូតូនេះត្រូវបានចែកចាយទៅកាន់តំបន់ភូមិសាស្ត្រជាច្រើនផ្សេងៗគ្នានៅទូទាំងរាជធានី ខេត្តក្រុង ដូចជា ខេត្តតាកែវ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកំពង់ឆ្នាំង រាជធានីភ្នំពេញ ខេត្តកំពត និងខេត្តផ្សេងៗទៀត ដែរតំបន់ទាំងនេះមានតម្រូវការខ្ពស់សម្រាប់ការប្រើប្រាស់ម៉ូតូ ឬតំបន់សេដ្ឋកិច្ច ដែលការដឹកជញ្ជូនដើរតួនាទីយ៉ាងសំខាន់។

លើសពីនេះទៅទៀត ឥណទានម៉ូតូរបស់ ប៊ែមប៊ូ ក៏ជះឥទ្ធិពលដល់    សេដ្ឋកិច្ចផងដែរដូចជា ការផ្តល់ឱកាសការងាcរ ជីវភាពសង្គម និងបុគ្គល ការធ្វើដំណើរក្នុងមូលដ្ឋាន និងការចូលរួម ក្នុងការបង្កើតប្រាក់ចំណូលកាន់តែមានប្រសិទ្ធភាព ហើយជាពិសេសជំរុញឱ្យមានសាមគ្គីភាពសង្គម និងការចូលរួមអភិវឌ្ឍសហគមន៍។

សមិទ្ធផលដ៏លេចធ្លោរនេះ គឺជាលទ្ធផល នៃការប្រកាន់ខ្ជាប់នូវគោលការណ៍ដឹកនាំប្រកបដោយប្រសិទ្ធភាព អភិបាលកិច្ចល្អ សុចរិតភាព ឧត្តមភាព និងភាពជឿជាក់ ព្រមទាំងការប្តេជ្ញាចិត្ត និងការតស៊ូខ្ពស់ ។

ជាចុងបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណ យ៉ាងស្មោះស្ម័គ្រ ដល់អតិថិជន ក្រុមប្រឹក្សាភិបាល ថ្នាក់គ្រប់គ្រង និងនិយោជិតគ្រប់ជាន់ថ្នាក់ សម្រាប់ការគាំទ្រ ខិតខំប្រឹងប្រែងបំពេញការងារដ៏ឆ្លាតវៃ ព្រមទាំងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការអនុវត្តការងាររបស់ពួកខ្លួនដោយសុចរិត ក្រមសីលធម៌ វិជ្ជាជីវៈ និងការទទួលខុសត្រូវ ក្នុងការទន្ទឹងរង់ចាំនូវភាពរីករាយ និងវិបុលភាពនៅឆ្នាំខាងមុខ។

លោក កែវ សុខា

អគ្គនាយក | ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី